Revelation of John 4

1ក្រោយការ​ទាំងអស់នេះ​ខ្ញុំ​បាន​ឃើញទ្វារមួយបើកចំហ​នៅ​ស្ថានសួគ៌ហើយសំឡេងដំបូងដែលខ្ញុំ​បាន​ដូចជា​សំឡេង​ត្រែ​នោះ​ក៏​មានបន្ទូលមកខ្ញុំថា៖ ​«ចូរ​ឡើង​មកនេះ​យើង​នឹង​បង្ហាញអ្នក​ឲ្យ​ឃើញ​ហេតុការណ៍​ដែលត្រូវកើតឡើងក្រោយ​ការ​ទាំងអស់នេះ»។ 2រំពេចនោះខ្ញុំ​បាន​លង់​នៅក្នុងវិញ្ញាណហើយមើល៍​មាន​បល្ល័ង្កមួយតាំងនៅស្ថានសួគ៌​ក៏​មាន​ព្រះ​មួយ​អង្គ​គង់​នៅ​លើបល្ល័ង្កនោះ 3ហើយព្រះអង្គ​ដែលគង់​នៅ​លើ​បល័ង្ក​នោះ​មើល​ទៅ​ដូចជាត្បូងមណីជោតិរសនិងត្បូងទទឹមហើយ​មាន​ឥន្ទធនូ​នៅ​ព័ទ្ធជុំវិញ​បល្ល័ង្ក​នោះ​ដែល​មើល​ទៅ​ដូចជាត្បូងមរកត 4នៅជុំវិញបល្ល័ង្កនោះ​មាន​បល្ល័ង្កម្ភៃបួន​ទៀត​ហើយ​ខ្ញុំ​ឃើញ​ចាស់ទុំម្ភៃបួន​នាក់​អង្គុយ​នៅ​លើបល្ល័ង្ក​ទាំងនោះ​ទាំង​ស្លៀកពាក់សម្លៀកបំពាក់ពណ៌ស​ហើយ​ពាក់​មកុដមាស​នៅ​លើក្បាល​ផង។ 5មានផ្លេកបន្ទោរ​មាន​សំឡេងនិងផ្គរលាន់ចេញពីបល្ល័ង្ក​នោះ​ហើយ​មាន​ចង្កៀងប្រាំពីរ​កំពុង​ឆេះនៅ​ពី​មុខបល្ល័ង្កនោះគឺជា​ព្រះ​វិញ្ញាណ​ទាំង​ប្រាំពីរ​របស់​ព្រះជាម្ចាស់ 6នៅពី​មុខបល្ល័ង្ក​នោះ​មាន​ដូចជាសមុទ្រកែវ​ដែល​ដូចជាកែវចរណៃហើយនៅកណ្ដាលនិងនៅ​ជុំ​វិញបល្ល័ង្ក​នោះ​មាន​សត្វ​មាន​ជីវិតបួន​ដែល​មាន​ភ្នែកពេញ​ទាំង​មុខទាំងក្រោយ 7សត្វមាន​ជីវិតទីមួយដូចជាតោសត្វ​មាន​ជីវិតទីពីរដូចជាកូនគោសត្វ​មាន​ជីវិតទីបីមានមុខដូចជាមនុស្សហើយសត្វ​មាន​ជីវិតទីបួនដូចជាឥន្ទ្រី​ដែល​កំពុង​ហើរ 8សត្វមាន​ជីវិត​ទាំង​បួន​នោះ​សត្វ​នីមួយៗមានស្លាបប្រាំមួយ​ក៏​មាន​ភ្នែកពេញនៅ​ជុំ​វិញ​ខ្លួន​និងនៅខាងក្នុង​ខ្លួន​ដែរ​ក៏​ពោល​ពាក្យ​ឥតឈប់​ទាំង​យប់ទាំងថ្ងៃថា៖ ​«បរិសុទ្ធបរិសុទ្ធបរិសុទ្ធ​គឺ​ព្រះអម្ចាស់​ជា​ព្រះ​ដ៏​មាន​ព្រះ​ចេស្ដា​លើ​អ្វីៗ​ទាំងអស់​ជា​ព្រះដែលគង់នៅ​តាំង​ពី​ដើម​គង់នៅ​សព្វ​ថ្ងៃ​ហើយ​ដែល​ត្រូវ​យាងមក»។ 9ពេលសត្វ​មាន​ជីវិត​ទាំងនោះ​ថ្វាយសិរីរុងរឿង​ថ្វាយ​កិត្ដិយសនិង​ថ្វាយ​ការ​អរ​ព្រះគុណ​ដល់​ព្រះអង្គ​ដែល​គង់​នៅ​លើបល្ល័ង្ក​គឺ​ដល់​ព្រះអង្គ​ដែលមាន​ព្រះជន្ម​រស់អស់កល្បជានិច្ច 10នោះពួក​ចាស់​ទុំ​ទាំង​ម្ភៃបួន​នាក់​ក៏​ក្រាបចុះនៅ​ចំពោះ​មុខ​ព្រះអង្គ​ដែលគង់​នៅ​លើបល្ល័ង្ក​ហើយ​ថ្វាយបង្គំ​ព្រះអង្គ​ដែលមាន​ព្រះជន្ម​រស់អស់កល្បជានិច្ចព្រមទាំងដាក់មកុដ​របស់​ខ្លួនចុះនៅ​ពី​មុខបល្ល័ង្ក​ទាំង​និយាយថា 11«ព្រះអម្ចាស់​ជា​ព្រះ​នៃ​យើងខ្ញុំ​ព្រះអង្គ​ស័ក្ដិសម​នឹង​ទទួលសិរីរុងរឿងកិត្ដិយសនិងអំណាចដ្បិតព្រះអង្គបាន​បង្កើត​របស់សព្វសារពើមក​ហើយ​អ្វីៗ​ទាំងអស់​សុទ្ធតែ​កើតមក​និង​ស្ថិតស្ថេរ​ដោយសារបំណង​របស់​ព្រះអង្គ»។
Copyright information for KhmKCB